កាលបរិច្ឆេទ: ១០ កញ្ញា ២០២៥ / សុខភាព / Author : ATH Sokren
សហការជាមួយលោកថុង តារា ស្ថាបនិកសមាគមសប្បាយ និងវេបសាយ Ewann Market (ទីផ្សារអនឡាញ) នៅប្រទេសបារាំង កាលពីពេលថ្មីនេះសហគ្រាសផលិតឱសថប៉េប៉េអឹមបានផ្តល់អំណោយជាថ្នាំពេទ្យចំនួន ៥០០ កញ្ចប់ជាពិសេសសម្រាប់ជនភៀសសឹកនៅខេត្តព្រះវិហារ បង្ហាញពីកម្លាំងសាមគ្គីដ៏រឹងមាំក្នុងគ្រាមានវិបត្តិព្រំដែន។ ក្រៅពីអំណោយសប្បុរសធម៌នេះ ក៏មានជំនួយពីប្រទេសបារាំងផងដែរដូចជា សម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតសម្រាប់គ្រួសារជនភៀសសឹកដែលស្នាក់នៅតាមវត្តអារាមនានា ដែលជាសក្ខីភាពបង្ហាញពីការចូលរួមយ៉ាងទូលំទូលាយក្នុងសកម្មភាពមនុស្សធម៌ដែលមកពីប្រភពផ្សេងៗគ្នា។
ក្នុងកញ្ចប់អំណោយរបស់សហគ្រាសប៉េប៉េអឹមរួមមាន សេរ៉ូបំបាត់ការឈឺចុកចាប់ PANOL® 250 MG/5ML ទឹកខ្ពុលមាត់ SEPTYL®និងថ្នាំបញ្ចុះសត្វល្អិត ALBENTOX® ដែលឆ្លើយតបទៅនឹងតម្រូវការសុខភាពបន្ទាន់របស់ជនភៀសសឹក។ អំណោយទាំងអស់នេះត្រូវបានផ្តល់ក្នុងក្របខណ្ឌសាមគ្គីភាពដែលសម្របសម្រួលដោយលោកថុង តារា ដែលត្រូវគេស្គាល់រួចទៅហើយតាមរយៈការងាររបស់លោកក្នុងការស្វះស្វែងរកជំនួយពីប្រទេសបារាំង។ តាមរយៈការរៃអង្គាសប្រាក់ និងសម្ភារៈផ្សេងៗនៅតាមអនឡាញ លោកបានជួយដល់គ្រួសារជនភៀសសឹកប្រមាណជាង៥០០គ្រួសារដែលកំពុងរស់នៅក្នុងស្ថានភាពមួយដ៏លំបាកបំផុត ជាពិសេសនៅតាមវត្តស្វាយលើ វត្តរហាល់ វត្តពោធិ៍៥០០០ដើម និងវត្តត្រាវគៀត។
លោកថុង តារា សហគ្រិនជនជាតិបារាំងដើមកំណើតខ្មែរដែលសកម្មក្នុងចលនាសង្គម មានកេរ្តិ៍ឈ្មោះលេចធ្លោតាមរយៈសកម្មភាពសង្គមជាច្រើនរបស់លោកក្នុងបំណងបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងជនជាតិអាស៊ីដែលរស់នៅប្រទេសបារាំង និងនៅអាស៊ីអាគ្នេយ៍ ជាពិសេសនៅកម្ពុជា។
ជាក់ស្តែង លោកបានបង្កើតវេបសាយទីផ្សារអនឡាញ Evaan Market នៅឆ្នាំ២០១៩
ដែលមិនមែនគ្រាន់តែជាអាជីវកម្មអនឡាញដ៏សាមញ្ញនោះទេ ផ្ទុយទៅវិញមានដាក់លក់ផលិតផលដើម និងបែបប្រពៃណីមកពីអាស៊ីអាគ្នេយ៍ ដោយផ្តោតជាពិសេសទៅលើផលិតផលខ្មែរ។
Evaan Market មានបំណងលើកស្ទួយវប្បធម៌ ផលិតផលសិប្បកម្ម អ្នកច្នៃប្រឌិត និងអាជីវករតូចតាចនៅតំបន់អាស៊ីអាគ្នេយ៍ ទន្ទឹមនឹងនេះក៏មានការជំរុញលើកទឹកចិត្តទៅដល់អាជីវកម្មប្រកបដោយទំនួលខុសត្រូវសង្គមផងដែរ។
មុននឹងបង្កើត Evaan Market លោកថុង តារា បានបង្កើតសមាគមមួយឈ្មោះថាសប្បាយនៅឆ្នាំ២០១៧ ដែលដំបូងឡើយមានដាក់លក់ខោអាវដែលច្នៃម៉ូតបែបប្រពៃណីបុរាណលាយសម័យ ហើយបន្ទាប់មកក៏ក្លាយជាកន្លែងសម្រាប់សកម្មភាពវប្បធម៌ និងសាមគ្គីភាព។ សប្បាយចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយអត្តសញ្ញាណជាតិខ្មែរ និងអាស៊ីទៅដល់យុវជនជំនាន់ក្រោយដែលរស់នៅប្រទេសបារាំង ជាពិសេសបំផុតស្មារតីទំនួលខុសត្រូវ និងគំនិតច្នៃប្រឌិត៕